0

លោក ​ឈួន សោភា​ មេគយចល័តតំបន់៥​ ផ្លូវជាតិលេខ៥​ប្រព្រឹត្តអំពើពុករលួ​យកាន់​តែខ្លាំង

រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ឬ​ហៅថា​មេ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ បើក​កកាយ​ជា​បន្តបន្ទាប់​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈួន សោភា ត្រូវបាន​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដឹង​យ៉ាងច្បាស់​ហើយ​ថែមទាំង​កោះហៅ​លោក ឈួន សោភា ឲ្យ​ឡើងមក​បំភ្លឺ​ទៀតផង​កាលពីពេល​ថ្មី​កន្លងទៅនេះ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ដែលមាន​ស្នាក់ការ​នៅ​ចំណុច​ជិត​ស្ពាន​ទឹកថ្លា​ផ្លូវជាតិ​លេខ​៥ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។

តាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ មាន​ស្នាក់ការ​ក្បែរ​ស្ពាន​ទឹកថ្លា​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​មាន​បង្កប់​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តែង​ត្រូវបាន​លោក ឈួន សោភា និង​បក្ខពួក​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​យកឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មក​ប្រើ​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន​។ មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទ​យ​មានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទើប​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ មាន​ស្នាក់ការ​នៅ​ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ដែលមាន​ផ្ទុក​ឥ​វ៉ាន់​ខ្លះៗ​នោះ ក្នុង​មួយខែៗ​ត្រូវបាន​លោក ឈួន សោភា កំណត់​ឲ្យ​បង់លុយ​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល​សម្រាប់​រថយន្ត​មួយគ្រឿង​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​ប៉ោយប៉ែត ក៏ដូចជា​ពី​ច្រកព្រំដែន​ក្នុងស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូលមក​រាជធានី​ភ្នំពេញ ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក ឈួន សោភា និង​បក្ខពួក​មិនអាច​តវ៉ា​បានឡើយ​។ មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ឈួន សោភា អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​លោក គុណ ញឹម ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ទទឹងទិស​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​បំផុត​។បឋម

60471258_420957378696069_5109840987119681536_n 60334447_2095292340763104_7874284485187993600_n 60709765_370233120263062_867177566627168256_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!