0

លោក​ ហ៊ុយ​ សុជាតិមេគយ​ខេត្តមណ្ឌល​គិរីបើកដៃអោ​យឈ្មួញនាំ​ចូលទំនិញគេ​ចពន្ធនិ​ងប​ង់មិនគ្រប់ដោ​យសេ​រី?

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ទំនិញ​ធំៗ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ឬ​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ គឺ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ ដែលជា​មេ​គយ​ខេត្តមណ្ឌលគិរី​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ នៅឡើយ​ទេ​។​

​ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ មានដូចជា​គ្រឿងសំណង់ គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​ឧ​បរ​ភោគ​បរិភោគ ភេសជ្ជៈ គ្រឿង​កំប៉ុង និង​បន្លែ​ផ្លែឈើ​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ គឺ​តម្រង់​ចូលទៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទី​រួម​ខេត្តមណ្ឌលគិរី ហើយ​មិនឃើញ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​យួន​និង​បើកបរ​ដោយ​ជនជាតិ​យួន​ដឹកទំនិញ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​រលូន​។

មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​យួន​ដឹកទំនិញ​ពេញប្រៀប​ដែល​គេ​សង្ស័យថា​ជា​គ្រឿងសំណង់ បាន​ឆ្លងដែន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ត្រួត​ពិនិត្យមើល​ប្រភេទ​ទំនិញ​នោះឡើយ​។ ជាងនេះទៅទៀត​ជា​ញឹកញាប់​គេ​ឃើញ​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​ពេញប្រៀប​បើកបរ​ចូលទៅក្នុង​ឃ្លាំង​មួយកន្លែង​មាន​យីហោ​ដេប៉ូ​ឆៃលី នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ដេប៉ូ​ឆៃលី គឺជា​ឃ្លាំង​ស្តុក​ទំនិញ​ប្រភេទ​គ្រឿងសំណង់​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ហើយ​ភាគច្រើន​នៃ​ទំនិញ​នាំចូល​របស់​ដេប៉ូ​នេះ​ត្រូវបាន​គេ​ដឹងថា​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ គឺ​លោក ហ៊ុយ សុជាតិ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ហ៊ុយ សុជាតិ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។បឋម

61772689_2405024686384646_4789780410768818176_n-1 6313

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!