0

ឧកញ៉ា​ ជ័យហៅ​ឧកញ៉ា​ ម៉ឹក ​សុផាន់​ណារ៉េតល្បី​ខាងបំផ្លាញ​ព្រៃឈើនិ​ងដឹកជញ្ជូ​ន​ឈើ​ចេញ​ពីស្រុកសេ​សានខេត្ត​ស្ទឹង​ត្រែងសមត្ថ​កិច្ចពា​ក់ព័​ន្ធមិ​នហ៊ានប៉ះ​ពាល់

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង ​ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹងថាពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ ឧកញ៉ា ជ័យ ដែលជា​ ឈ្មួញ​ដ៏​មាន អំណាច​និង​មាន​ខ្នងបង្អែក​រឹងមាំ​នោះទេ  ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថាបើ​ហ៊ាន​ប៉ះពាល់​ ឧកញ៉ា ជ័យ គឺអាច​ របូត​ស័ក្ដិ​ពីលើ​ស្មា​។ ដូច្នេះហើយ​ទើប​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង សុខចិត្ត​ទ​ទួ​ក​យក​ផលប្រយោជន៍​បន្តិចបន្តួច​ពី​ឧកញ៉ា ជ័យ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធុន​ធំ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំង​ខ្សែៗ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សេចក្ដី​វិនាស​នៃ​ព្រៃឈើ​នៅ​ស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ព្រោះ​បច្ចុប្បន្ន​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ទាំង​២​នេះ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា ជ័យ ខ្លះ​ផង​ព្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ប្រហែល​ចៀស​មិន​ផុតពី​រលាយ​ដោយសារ​ស្នាដៃ​ឧកញ៉ា ជ័យ នោះឡើយ​

ប្រភពពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ ឈើ​អារ​ប្រភេទ​លេខ​១​រាប់រយ​ម៉ែត្រគូប​ត្រូវបាន​ឧកញ៉ា ជ័យ ហៅ​ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ដឹក​ចេញពី​ឃ្លាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាម​រថយន្ត​យី​ឌុប​ធំៗ​ចំនួន​១៤​គ្រឿង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឧកញ៉ា ជ័យ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ស្ដារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ បើទោះបី​នៅក្នុង​បរិវេណ​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ នៅតែមាន​ឈើ​ប្រភេទ​លេខ​១​រាប់រយ​ម៉ែត្រគូប​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​យី​ឌុប​ធុន​ធំ​ទាំង​ខ្សែៗ​។

​​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធុន​ធំ​ទាំង​ខ្សែៗ​ជា​បន្តបន្ទាប់​កន្លងទៅ​នេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​អភិរក្ស ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​ក្នុងស្រុក​សេ​សាន ក៏ដូចជា​ស្រុក​សៀម​ប៉ាង​។ ឈើ​ដែល​ឧកញ៉ា ជ័យ កាប់​ចេញពី​តំបន់​ផ្សេងៗ​ត្រូវបាន​ដឹកជញ្ជូន​ចូល​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃ​ការពារ ព្រៃ​សហគមន៍ ព្រៃ​អភិរក្ស​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ​។បឋម

49674018_2249073132006947_3604083422315675648_n 49833696_568336293578922_5642572315150516224_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!