0

លោក​ ម៉ុម​ សារឿន​អភិបាលខេត្តស្ទឹង​ត្រែងគ្មានវិធានការទប់ស្កាត់បទ​ល្មើសព្រៃឈើប​ណ្តោយ​ឲមេឈ្មួញ​ ម៉ឹក សុផាន់ណា​រ៉េត ហៅឧកញ៉ា​ ជ័យបង្កើន​សកម្មភា​ពដឹកជ​ញ្ជូនឈើចេញពី​តំបន់បាត​អាងទំន​ប់វារីអគ្គិសនីសេសាន​ក្រោម២ខ្លាំង​ក្លាលើ​ស​មុន

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង  បាន​ឲ្យ​ដឹងថា មួយរយៈ​ ពេល​ចុង​ក្រោយ នេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត  ហៅ​ឧកញ៉ា ជ័យ កំពុង​បន្តសកម្មភាព ​កាប់​ឈើ អារច្រៀក​ ឈើ ដឹក ជញ្ជូន ​ចេញពី​ស្រុក​សេសា​ន  ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​ ព្រោះ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រី រដ្ឋបាល​ព្រៃឈើ  ឬ​សមត្ថកិច្ច ​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បើទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិ​ស​និ​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ បន្ត​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មេ​ឈ្មួញ ម៉ឹក សុភ​ផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាន់តែខ្លាំង​ក្លា​លើស​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹកជញ្ជូន​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅពេលនេះ​គឺជា​ឈើ​ដែល​កាប់​នៅក្នុង​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន ក៏ដូចជា​ស្រុក​សៀម​ប៉ាង ហើយ​នាំ​ចូលទៅ​អារច្រៀក​ក្នុង​រោងចក្រ​អារឈើ​របស់​ក្រុមហ៊ុន​។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឃុបឃិត​ឲ្យ​ឧកញ៉ា ជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ជ័យ បាន​ប្រើប្រាស់​សា​ឡង់​ធំៗ​អូស​ឈើ​បណ្ដែត​តាម​ទន្លេស្រែពក ចូលមក​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ហើយ​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​នៅក្នុង​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​ឧកញ៉ា ជ័យ ដែលមាន​បក្ខពួក​ឈ្មោះ សាន ច​យ កំពុង​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាម​អំពើ​ចិត្ត​។ ឈើ​ដែល​អារច្រៀក​រួច​ត្រូវបាន​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​៨០​តោន​ទៅ​១០០​តោន​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គឃ្លើន​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ជាបន្ទាន់​មុនពេល​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ទាំងស្រុង​នាពេល​ឆាប់ៗ​ខាងមុខ​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ជ័យ បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាក់ស្ដែង​កន្លងមក​ឧក​ញ៉ា ជ័យ កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។(មានត)

se san kit3sesan cart2se san kit142368326_2198326400453065_3962590222323023872_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!