Comments Off

លោក​ កែវ វ៉ាន្នី ប្រធានសា​ខាគយខេត្តតា​កែវលួចបង្កើត​ប៉ុស្តិ៍គយចល័ត​២កន្លែងប្រមូល​លុយពី​ក្រុមឈ្មួញទាំង​តូចទាំងធំ​ដឹកទំនិញ​គេចពន្ធ​គ្រប់ប្រភេទ​ពីវៀតណាមតាមរ​បៀបពុក​រ​លួយ?

ខេត្តតាកែវ ៖ ចាប់តាំងពី​លោក កែវ វ៉ា​ន្នី  ឡើងកាន់តំណែង​ជា​ប្រធាន​សាខា គយ​ខេត្តតាកែវ រហូតមក ដល់​បច្ចុប្បន្ន  ត្រូវបាន​មន្ត្រី​ស្ថាប័ន ​ពាក់ព័ន្ធ​ក្នុង​ខេត្ត រិះគន់ថា  ក្រោម​ការបញ្ជា និង​ដឹកនាំ​របស់លោក  គេ​ឃើញតែ មន្ត្រី​គយ​ដេក​ចាំ តែ​រាប់​ ក្បាល​ឡាន​ យកលុយ​មិនដែល​ឃើញ  ពិនិត្យ​ទំនិញ ឲ្យ​បាន​ត្រឹមត្រូវ​ម្តងណា​ឡើយ  ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ  ឈ្មួញ​ខិលខូច នាំចូល ​ទំនិញ គេចពន្ធ និង​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង  ដូចជា​ការ នាំចូល​ដែក គ្រឿងបន្លាស់  ទំនិញ​ចាប់ហួយ  តាម​ច្រក​ដែនទឹក ព្រែក​បាក់ដៃ និង​ច្រក កំពង់​ក្រសាំង និង​ច្រក​ភ្នំ​ដិ​ន​ជាដើម ឈ្មួញ​បង់ពន្ធ មិន​ដល់​៣០​ភាគរយ​ផង​ទេ ហើយ​ទំនិញ​ឆ្លងកាត់​ ខេត្តតាកែវ បើទោះជា លោក កែវ វ៉ា​ន្នី  បាន​ចាត់តាំង​ក្រុម គយ​ចល័ត​ប្រចាំការ​នៅ ក្នុង​ខេត្ត​ឈរជើង​រហូតដល់​ទៅ​ពីរ​កន្លែង​ក៏​ចាំ​ប្រមូល​លុយ​ឆៅៗតែម្តង​។​

លោក កែវ វ៉ា​ន្នី ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​មជ្ឈដ្ឋាន​គយ​កោតសរសើរ​ថា ពូកែ​រកលុយ យកទៅ អភិវឌ្ឍន៍ មុខតំណែង​បាន​យ៉ាង​ឆប់រ​ហ័ស ពី​ប្រធាន​កា​រិ​យ​ល័យ​គយ​ច្រក​តន់​ហន់ ទី​ដែលមាន​បទល្មើស នាំចេញ​ឈើ​ខុសច្បាប់ និង​ទំនិញគេចពន្ធ បានធ្វើ​ឲ្យ​លោក កែវ វ៉ា​ន្នី មានឱកាស​ឈាន​ជាន់​យក តំណែង​ជា​ប្រធាន​សាខាគយ ខេត្តតាកែវ​បាន​ងាយស្រួល ជំនួស​លោក អេ​ន សំអុល ដែល​ដល់ អាយុ​ចូលនិវត្តន៍​។ គេ​នៅ​ចាំបាន​ថា លោក កែវ វ៉ា​ន្នី ត្រូវបាន លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​គយ ជួសមុខ​ឱ្យ លោក គុណ ញឹម បាន​ធ្វើជា​អធិបតី ប្រកាស​ប្រគល់​តំណែង​ជា​ប្រធាន​សាខាគយ ខេត្តតាកែវ​កាលពី​ល្ងាច ថ្ងៃ​អង្គារ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​ថ្នាក់ដឹកនាំ​គយ​អួតថា លោក កែវ វ៉ា​ន្នី ជា​មន្ត្រី​គយ​ឆ្នើម​។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា ច្រើន​ឆ្នាំ​មកហើយ ដែល​មន្ត្រី​គយ ខេត្តតាកែវ បង្កើត​ទីតាំង​កុងត្រូល​គយ​ចល័ត​យ៉ាងហោចណាស់​ពីរ​កន្លែង​ដឹកនាំ​ដោយ លោក លាង ម៉ុង ដើម្បី​ស្ទាក់​យកលុយ​ពី​រថយន្ត​ដឹកទំនិញ ដែល​មួយកន្លែង​ស្ថិតនៅក្នុង​ឃុំ​គិរី​ចុង​កោះ ក្បែរ​ទីរួមស្រុក​គី​រី​វង្ស និង​មួយកន្លែង​ទៀត​ស្ថិតនៅក្នុង​ឃុំ​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ គឺ​ស្ថិតនៅ​អម​កំណាត់​ផ្លូវជាតិ​លេខ​២ ដូចគ្នា ដែល​ធ្វើ​សកម្មភាព​ប្រមូលប្រាក់ ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​គោលការណ៍​ច្បាប់ ឬ​សេចក្តីណែនាំ របស់​ថ្នាក់លើ តាមរយៈ​ការបង្កើត ប៉ុស្តិ៍​ជជុះ និង​ឃុបឃិត ឲ្យ​ឈ្មួញ នាំចូល​ទំនិញ ដោយ​បង់ពន្ធ​មិន​គ្រប់ ធ្លាប់​ត្រូវបាន​ប៉េអឹម បង្ក្រាប​ជាច្រើន ករណី​មកហើយ​។ ទោះយ៉ាងណា​លោក កែវ វ៉ា​ន្នី មាន​ទម្លាប់​ភូតភ​ថ្នាក់លើ​ថា ការដាក់​ប៉ុស្តិ៍​គយ​ចល័ត​ទាំងពីរ​កន្លែង​នោះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ទំនិញគេចពន្ធ​។​

លោក កែវ វ៉ា​ន្នី ប្រធាន​សាខា គយ​និង​រដ្ឋាករ ខេត្តតាកែវ ត្រូវ​មន្ត្រី​ក្នុង​ខេត្ត រិះគន់ថា សល់​លុយ​ខាប់​ដូច​ទឹកគ្រឿង តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​នោះទេ ដែល​គេ​សង្ស័យថា លោក​ប្រធាន​រូបនេះ គិតតែ​ធ្វើ​យ៉ាងម៉េច ប្រមូល​លុយ​ច្រក​ហោប៉ៅ​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​គយ​ក្រោម​ឱវាទ របស់ លោក កែវ វ៉ា​ន្នី គ្មាន​ការយោគយល់ ដល់​ឈ្មួញ​ឡើយ គឺ​តែងតែ ជំរិត​ទារលុយ ពី​ឈ្មួញ​កាន់តែ​ច្រើនឡើងៗ​។ ដោយសារ​មានការ​ឃុបឃិត​គ្នា ពី​មន្ត្រី​គយ​ខេត្តតាកែវ គេ​សង្កេតឃើញ ពួក​ឈ្មួញ ដឹកទំនិញ​គេចពន្ធ និង​ចំណីអាហារ មាន​ជាតិគីមី ចូលមក​ដល់ រាជធានី​ភ្នំពេញ លក់​ចែកចាយ យ៉ាង​រំភើយ ហើយ​ក្រុម​ឈ្មួញ​ខិលខូច​ទាំងនោះ​ពេញចិត្ត ដោយ​កោតសរសើរ លោក កែវ វ៉ា​ន្នី សឹង​ថា​អាចជួយ​ធ្វើ​អន្តរាគមន៍ បើ​មេ​គយ​ហ៊ាន​ដក​លោក​ចេញពី​ប្រធាន​សាខាគយ​ខេត្តតាកែវ​។​

​ក្រុម​ឈ្មួញ​ដឹកទំនិញ ពី​ប្រទេស​វៀតណាម​តាម​ច្រក​នានា ចូល​តាម​ខេត្តតាកែវ បាន​បង្ហើប​ថា សព្វថ្ងៃនេះ រថយន្ត​ទាំង​តូច​ទាំង​ធំ ដឹកទំនិញ ទាំង​បន្លែ​ត្រី​សាច់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសំណង់ សាំង ។​ល​។ បើក​មក​កាត់ មុខ​ប៉ុស្តិ៍​គយ​ចល័ត​របស់​ខេត្តតាកែវ គឺ​ត្រូវតែ ឈប់​បង់លុយ​តាម​ការទាមទារ​ពី​មន្ត្រី​គយ​ប្រចាំ​ប៉ុស្តិ៍ ហើយ​គេ​សង្កេតឃើញ​មន្ត្រី​ចាំ​យកលុយ​នោះ​ស្លៀកពាក់​ស៊ីវិល ដោយ​បង្គាប់​ឱ្យ​បង់​ចាប់ពី ២​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​រៀល និងរ​ហូ​តុ​រាប់រយ​ដុល្លារ​ក៏មាន ទៅតាម​ប្រភេទ​រថយន្ត​ដឹកទំនិញ ប្រភេទ​មុខទំនិញ តិច​ឬ​ច្រើន ដោយ​មន្ត្រី​គយ មិន​ខ្វល់​ថា ទំនិញ​ទាំងអស់នោះ ជា​ទំនិញ​ស្របច្បាប់ ឬក៏​ខុសច្បាប់ នោះទេ សំខាន់​ឲ្យ​តែ​មកដល់​កន្លែង ត្រូវតែ​ឈប់​បង់លុយ​តាម​ការកំណត់ តែបើ​ហ៊ាន​គេចវេស នឹង​ប្រដេញ​ចាប់​មក​ពិន័យ​ជា​ប្រាក់គុណជាច្រើនដង ​។(មាតភាគ)

KA-5-01-2018-001 KA-5-01-2018-04 KA-5-01-2018-05 (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!