0

ល្បីល្បា​ញថា ​លោក ចាន់ ភ​ត្រា ប្រធានរត​នាគារខេត្ត​សៀមរាប​ ប្រព្រឹត្ត​អំពើពុករ​លួយ​យ៉ាង​ខ្លាំង

ខេត្តសៀមរាប៖តាមប្រភពចេញពីមន្ត្រីរាជការ​នៅក្នុង​អង្គភាព​រតនាគារ​ខេត្តសៀមរាបបាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើ​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ ភ​ត្រា ប្រធាន​រតនាគារ​ខេត្តសៀមរាប ជាបន្ទាន់​។

ដោយហេតុថា​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ចាន់ ភ​ត្រា និង​បក្ខពួក​មួយ​ក្ដាប់​តូច​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាត់​ភាគរយ​ពី​គម្រោង​ចំណាយ​របស់​មន្ទីរ​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​សៀមរាប ស្រេច​តែ​អំពើ​ចិត្ត​។

បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​លោក ចាន់ ភ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្តគឺ​ដោយសារ​អាង​មាន​លោក វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ អគ្គនាយក​រតនាគារ​ជាតិ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដែល​ចាំ​ការពារ​កំហុស​របស់លោក ចាន់ ភ​ត្រា គ្រប់ពេលវេលា​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ក្នុង​អង្គភាព​រតនាគារ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀតថា​លោក ចាន់ ភ​ត្រា ព្រមទាំង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ក្រោមរូបភាព​កាត់លុយ​ទឹកតែ​ពី​គម្រោង​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ អង្គភាព រដ្ឋបាល​ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់ សរុបទៅ​ក្នុង​មួយឆ្នាំៗ​រាប់រយ​លាន​រៀល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

លុយ​ទឹកតែ​ទាំងនោះ​ត្រូវបាន​លោក ចាន់ ភ​ត្រា និង​បក្ខពួក​ប្រមូល​តាមរបៀប​ជួយ​សម្រួល​ឯកសារ​ដក​សាច់ប្រាក់​ពី​មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​មួយចំនួន​ដែល​ត្រូវ​ដក​លុយ​ចេញពី​រតនាគារ​យកទៅ​ចំណាយ​លើ​គម្រោង​ផ្សេងៗ​។

ប្រសិនបើ​សាមី​មន្ទីរ អង្គភាព រដ្ឋបាល ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង ឬ​ក្រុមហ៊ុន​នានា​មិន​ចំណាយលុយ​ទឹកតែ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ភាពយឺតយ៉ាវ​ជាមិនខាន ហេតុនេះហើយ​ទើប​គេ​សុខចិត្ត​កាត់​ភាគរយ​ឲ្យ​លោក ចាន់ ភ​ត្រា និង​បក្ខពួក​ដែល​ប្រើ​តួនាទី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។

តាម​ការបើក​កកាយ​ពី​មន្ត្រី​នៅក្នុង​អង្គភាព​រតនាគារ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ចាន់ ភ​ត្រា ប្រើ​តួនាទី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បានជា​យូរ​មកហើយ​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅ​ខាងលើ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រាល់​គម្រោង​ចំណាយ​គ្រប់ជំពូក​សម្រាប់​មន្ទីរ អង្គភាព និង​ស្ថាប័ន​នានា​ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​ដក​លុយ​ពី​រតនាគារ សុទ្ធតែ​ចំណាយលុយ​ទឹកតែ​៥​ភាគរយ​ទើប​អាច​ដកយក​លុយ​ទាំងនោះ​ទៅប្រើ​ប្រាស់​តាម​គម្រោង​ជាក់ស្ដែង​។ សូម្បីតែ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ដែល​ត្រូវ​ដក​ពី​រតនាគារ​ខេត្តសៀមរាប ក៏ត្រូវ​លោក ចាន់ ភ​ត្រា និង​បក្ខពួក​ប្រើ​វិធី​កេងប្រវ័ញ្ច​យ៉ាង​គឃ្លើន​ផងដែរ​។

​ភាពមិនប្រក្រតី​នៃ​អំពើពុករលួយ​របស់លោក ចាន់ ភ​ត្រា និង​បក្ខពួក​ដូចខាងលើ​នេះហើយ ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

មន្ត្រី​ពុករលួយ​ជាច្រើន​នាក់​ដែល​ឃុបឃិត​ជាមួយ​លោក ចាន់ ភ​ត្រា មានដូចជា លោក ឈុ​យ ឡែ​ម ប្រធាន​រដ្ឋបាល​, លោក ប្រាក់ ស៊ីវ​ត្ថា ប្រធាន​គណនេយ្យ​ថ្នាក់ជាតិ និង​លោក សេង កុក អនុប្រធាន​រតនាគារ​ខេត្តសៀមរាប​។

លោក ចាន់ ភ​ត្រា បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប៉ុន្មាន​នាក់​នេះ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន ដូច្នេះ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក ចាន់ ភ​ត្រា ប្រធាន​រតនាគារ​ខេត្តសៀមរាប និង​បក្ខពួក​នោះទេ​៕

SR712

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!