ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងគណបក្សសង្គ្រោះជាតិ ជុំវិញការបង្កើតគណៈកម្មការរបស់រាជរដ្ឋាភិបាល ដើម្បីសិក្សាស្រាវជ្រាវកែទម្រង់ការបោះឆ្នោត។ កំណែទម្រង់ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកថាជាកិច្ចដំណើរការដែលធ្លាប់បានអនុវត្តជាបន្តបន្ទាប់កន្លងទៅនិងជាកំណែទម្រង់ដ៏ស្មុគស្មាញ ដែលទាមទារពេលវេលា ដោយមិនអាចអូសបន្លាយពេលវេលាតទៅទៀតបានឡើយ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ក្នុងការជួបចរចាកន្លងមក គណបក្សសង្គ្រោះជាតិ បានផ្លាស់ប្តូរប្រធានបទនិងលក្ខខណ្ឌនៃការទាមទារជាបន្តបន្ទាប់ជាហេតុធ្វើឲ្យការពិភាក្សាអំពីកិច្ចដំណើរការកំណែទម្រង់ការបោះឆ្នោត ត្រូវបានអូសបន្លាយរហូតមកទល់បច្ចុប្បន្ននេះ។
សេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយដល់អ្នកកាសែត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះ បង្ហាញថា ការបង្កើតគណៈកម្មការរបស់រាជរដ្ឋភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីជម្រើសនានា ក្នុងដំណើរការកំណែទម្រង់ការបោះឆ្នោត គឺជាការបង្ហាញនូវឆន្ទៈដ៏ពិតប្រាកដរបស់ខ្លួន ក្នុងការបន្តកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា សូមស្វាគមន៍ និងស្នើសុំគណបក្សសង្គ្រោះជាតិ ចាត់តំណាងរបស់ខ្លួន ជួបចរចាជាមួយតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការមួយ សម្រាប់កិច្ចដំណើរការកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ តាមស្មារតីនៃកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
ជាការកត់សម្គាល់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយចំពោះការចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្តីពី ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់លើការបោះឆ្នោត ដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យបង្កើតគណៈកម្មការរួមមួយ ដែលមានសមាសភាពស្នើគ្នា មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃជំនួបកំពូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីសិក្សាស្រាវជ្រាវ លើការកែទម្រង់ការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យមានការចូលរួមយ៉ាងទូលំទូលាយ ពិសេសពីសំណាក់សង្គមស៊ីវិល អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានធ្វើការស្រាវជ្រាវ មានបទពិសោធន៍ និងធ្លាប់បានផ្តល់អនុសាសន៍នានា ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីជំរុញឲ្យយន្តការកែទម្រង់ការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងមានដំណើរការលឿនទៅមុខ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធនានា ក្នុងគោលដៅធានាឲ្យការរៀបចំបោះឆ្នោតលើកក្រោយទៀត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ។